៣មុខងារត្រូវចេះ បើចង់ថតរូបបានស្អាតជាមួយកាមេរ៉ាថ្លៃ (មានវីដេអូ)
មិនដូចកាមេរ៉ាតូចៗនោះទេ ពពួកកាមេរ៉ាអាជីពមានមុខងារច្រើនសម្រាប់ថតរូប។ បើយើងមិនចេះប្រើវាទេ យើងអាចនឹងគិតថា គុណភាពនៃរូបមិនសូវជាខុសគ្នាប៉ុន្មានពីការថតជាមួយកាមេរ៉ាតូចៗនោះទេ សំខាន់ឲ្យតែមានទំហំ Pixel ធំគឺបានហើយ។
តែតាមពិតជាមួយកាមេរ៉ាអាជីព អ្នកអាចថតរូបបានស្អាត និងអាចបត់បែនតាមអ្វីដែលចង់បាន ដែលកាមេរ៉ាតូចៗពិបាកនឹងធ្វើដូច។ ជាជំហានដំបូង អ្នកគ្រាន់តែចេះមុខងារ៣ គឺ Aperture, Shutter Speed និង ISO អ្នកអាចចេះប្រើកាមេរ៉ាអាជីពនេះបានមិនខាន។ ទស្សនាវីដេអូដែលបង្ហាញជាភាសាខ្មែរខាងក្រោម៖
មុននឹងកាន់កាមេរ៉ាទំនើប ចាំបាច់ត្រូវចេះបីមុខងារនេះ ទើបថតរូបបានស្អាត!
មិនមែនឲ្យតែមានលុយទិញកាមេរ៉ាទំនើប ចាប់ពី Canon EOS 650 ឡើងទៅ អ្នកអាចថតរូបបានស្អាតនោះទេ។ តាមពិតទៅ កាមេរ៉ាប្រភេទអាជីព (Professional) ពិបាកថតជាងកាមេរ៉ាឌីជីថលតូចៗទៅទៀត បើអ្នកមិនបានដឹងពីមុខងារមួយចំនួនទេនោះ។ ក្នុងចំណោមមុខងារសំខាន់ៗជាច្រើន បើអ្នកអាចចេះតែបីខាងក្រោមនេះ វាល្មមនឹងជួយឲ្យអ្នកថតរូបបានស្អាតមិនខាន។
Aperture
Aperture (AV សម្រាប់កាមេរ៉ា Canon) គឺសំដៅលើទំហំនៃប្រហោង Len ដែលអនុញ្ញាតឲ្យពន្លឺរត់ចូលទៅក្នុងកាមេរ៉ា។ Aperture ត្រូវបានគណនាជា (f/16), f/11, f/8.0, f/5.6, f/4.0, f/2.8, f/2.0 ឬ f/1.8។ Aperture កាន់តែតូច (ឧ. f/1.8 ) ទំហំនៃប្រហោង Len កាន់តែធំ។
*** ទំហំនៃប្រហោង Len ធំ ឬ Aperture កាន់តែតូច (ឧ. f/1.8) ពន្លឺដែលរត់ចូលក្នុងកាមេរ៉ាកាន់តែច្រើន ធ្វើឲ្យរូបភាពរបស់អ្នកកាន់តែភ្លឺ (មើលរូបខាងក្រោម)។
Shutter Speed
Shutter Speed (TV សម្រាប់កាមេរ៉ា Canon) គឺជារយៈពេលដែល Sensor ក្នុងកាមេរ៉ាចាប់យករូបភាព។ Shutter Speed ត្រូវបានគណនាជារូបមួយសន្លឹកក្នុងវិនាទី ឧ. 1/1000s, 1/500s, 1/250s, 1/125s, 1/60s, 1/30s, 1/15s, 1/8s, 1/4s, 1/2s, ឬ1s។ ល្បឿនកាន់តែលឿនគឺវិនាទីកាន់តែខ្ពស់ (ឧ.1/1000s)។
*** Shutter Speed កាន់តែយូរ (ឧ.1/2s) រូបភាពមានចលនាដែលអ្នកថតកាន់តែព្រឹល។ ផ្ទុយមកវិញ Shutter Speed កាន់តែលឿន (ឧ.1/1000s) រូបភាពមានចលនាដែលអ្នកថតកាន់តែច្បាស់។
ISO
សម្រាប់កាមេរ៉ាឌីជីថល ISO គឺទាក់ទងនឹងពន្លឺ។ ISO ជួយផ្ដល់នូវកម្រិតពន្លឺដែលអ្នកចង់ប្រើសម្រាប់ថតរូបភាព។
សម្រាប់កាមេរ៉ាឌីជីថល ISO គឺទាក់ទងនឹងពន្លឺ។ ISO ជួយផ្ដល់នូវកម្រិតពន្លឺដែលអ្នកចង់ប្រើសម្រាប់ថតរូបភាព។
***ISO កាន់តែខ្ពស់ រូបភាពកាន់តែបែក (Noise) ដូចរូបខាងក្រោម។
វីដេអូខាងក្រោមនេះនឹងពន្យល់បន្ថែមពេលអ្នកសារ៉េមុខងារណាមួយរវាង Aperture, Shutter Speed, និង ISO វាជះឥទ្ធិពលទៅលើពន្លឺនៃរូបថត។
ក្រោយដឹងមុខងារសំខាន់ទាំងបី Aperture, Shutter Speed, និង ISO ហើយ អ្នកត្រូវដឹងអំពីការជ្រើសរើស Canon (M, AV, TV, ឬ P) ឲ្យដំណើរការ។
@ M (Manual)៖ អ្នកថតរូបជាអ្នកកំណត់មុខងារទាំងបីខាងលើដោយខ្លួនឯង។
@ AV៖ អ្នកថតរូបជាអ្នកកំណត់ Aperture និង ISO ដោយខ្លួនឯង ខណៈកាមេរ៉ានឹងជួយកំណត់ Shutter Speed ដោយស្វ័យប្រវត្តិ។
@ TV៖ អ្នកថតរូបជាអ្នកកំណត់ Shutter Speed និង ISO ដោយខ្លួនឯង ខណៈកាមេរ៉ានឹងជួយកំណត់ Aperture ដោយស្វ័យប្រវត្តិ។
ក្រោយដឹងពីមុខងារទាំងបីហើយ តោះ សាកទាញកាមេរ៉ាទំនើបរបស់អ្នកទៅសាកល្បងថតដោយសារ៉េចុះសារ៉េឡើងមើល៍ នោះអ្នកនឹងដឹងអំពីកាប្រើប្រាស់មេរ៉ាអាជីពទាំងនេះមិនខាន។ បើអ្នកបានដឹងពីមុខងារទាំងនេះហើយ អ្នកអាចទៅសិក្សាពីមុខងារផ្សេងទៀតរបស់កាមេរ៉ា ឬទៅប្រើកាមេរ៉ាផ្សេងបានយ៉ាងស្រូល៕
តាមដាន Sabay យើងនឹងធ្វើការបង្ហាញបច្ចេកទេសផ្សេងៗទៀតទាក់ទងនឹងការថតរូប
0 comments: