អ្នកវិទ្យាសាស្ត្រហ្វីលីពីន៖ អង្ករក្លែងក្លាយអាចមានគុណភាពល្អជាងអង្ករធម្មជាតិ
អង្ករក្លែងក្លាយមិនត្រឹមតែគ្មានឥទ្ធិពលអាក្រក់សម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចមានគុណភាពល្អជាងអង្ករធម្មជាតិទៅទៀត ព្រោះមានកម្រិតគ្លុយកូសតិច។ នេះបើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្ត្រចំណីអាហារនៅសាកលវិទ្យាល័យមួយរបស់ប្រទេសហ្វីលីពីន។
អ្នកស្រី Ma. Concepcion Lizada ដែលកាន់សញ្ញាប័ត្របណ្ឌិត និងជាអតីតសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រចំណីអាហារនៅសាកលវិទ្យាល័យ UP Diliman បាននិយាយថា ការល្បីសុសសាយចំពោះអង្ករក្លែងក្លាយនាពេលបច្ចុប្បន្ននេះ បាននាំឲ្យវាមានឈ្មោះមិនល្អ។
“ខ្ញុំគួរហៅវាថាជាអង្ករច្នៃប្រឌិតវិញ… អង្ករច្នៃប្រឌិតកំពុងត្រូវគេផ្ដល់ឈ្មោះអាក្រក់ជាទីបំផុត”។ អ្នកស្រីសាស្ត្រាចារ្យ Lizada ប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និងក្រុមអ្នកស្រាវជ្រាវជាច្រើនទៀត ក្នុងវេទិកាមួយនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣៧ របស់ក្រុមអ្នកវិទ្យាសាស្ត្រ នៅសណ្ឋាគារម៉ានីល កាលពីថ្ងៃពុធម្សិលមិញ។
អ្នកវិទ្យាសាស្ត្រស្រីរូបនេះ បានអះអាងថា អង្ករក្លែងក្លាយពិតជាធ្វើចរាចរណ៍យ៉ាងទូលំទូលាយលើទីផ្សារមែន ប៉ុន្តែគេហៅវាថាអង្ករពោត។ សារព័ត៌មានជាច្រើនបានវាយប្រហារទៅលើអង្ករប្រភេទនេះ ប៉ុន្តែអ្នកស្រីបានអះអាងថាធ្លាប់សាកល្បងដោយផ្ទាល់រួចហើយ និងបញ្ជាក់ថាវាពិតជាឆ្ងាញ់។
អ្នកស្រី Lizada បាននិយាយទៀតថា អង្ករច្នៃប្រឌិត ឬអង្ករពោត គឺជាផលិតផលនៃបច្ចេកវិទ្យាចំណីអាហារ។ អង្ករប្រភេទអាចល្អជាងអង្ករធម្មជាតិ ព្រោះផលិតចេញពីប្រភពសារជាតិជាច្រើន និងមានជាតិគ្លុយកូស(ស្ករ)តិច។
យ៉ាងណាក្ដី មតិនេះត្រូវបានប្រជាជនជាច្រើនច្រានចោល និងចាត់ទុកថាគ្មានមូលដ្ឋាន ប៉ុន្តែក៏មានអ្នកគាំទ្រទៅលើអ្នកវិទ្យាសាស្ត្រពោរពេញដោយបទពិសោធន៍ដែរ។ មួយរយៈចុងក្រោយនេះ អង្ករក្លែងក្លាយបានក្លាយជាប្រធានបទក្ដៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីមានការរីករាលដាលបន្តបន្ទាប់នៅតំបន់នានា៕
វីដេអូបង្ហាញពីបាយដែលដាំចេញពីអង្ករក្លែងក្លាយ៖
ចុះប្រិយមិត្តយល់យ៉ាងដែរ ចំពោះមតិរបស់អ្នកវិទ្យាសាស្ត្រចំណីអាហាររូបនេះ?
0 comments: