គន្លឹះ​៥ចំណុច ដើម្បី​ជាប់​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស

0 comments


ការ​​​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ធំ​ៗ​ដូច​ជា អាមេរិក អង់គ្លេស កាណាដា ឬ​អូស្ត្រាលី អាច​ថា​ជា​​រឿង​មួយ​​លំបាក​សម្រាប់​សិស្ស​និស្សិត​ តែ​ក៏​មិន​បាន​ន័យ​ថា​វា​មិន​អាច​ទៅ​រួច​នោះ​​ទេ។ មាន​និស្សិត​មួយ​ចំនួន​ទទួល​បាន​ជោគជ័យ រី​ឯ​ខ្លះ​ទៀត​​​បរាជ័យ​ជា​ច្រើន​ដង​ក្នុង​ការ​​​ទទួល​បាន​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ដោយ​សារ​តែ​​ពួក​គេ​ពុំ​បាន​ត្រៀម​ខ្លួន​ជាមុន ក៏​ដូចជា​​មិន​មាន​វិធីសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការ​ដាក់​ពាក្យ។ ខាង​ក្រោម​ជា​​គន្លឹះ​ខ្លះៗ ដែល​អាច​ឱ្យ​មិត្ត​និស្សិត​​​សម្រេច​ក្ដី​សុបិន​ ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​​នៅ​បរទេស​​ដោយ​ជោគជ័យ​៖

??????????????????????????????????????????????????????

១. ត្រូវ​ឧស្សាហ៍​​បើក​មើល​​វិបសាយ​ ឬ​ទៅ​សួរ​នាំ​ដំណឹង​អាហារូបករណ៍​​តាម​ស្ថានទូត​នៃ​ប្រទេស​ដែល​អ្នក​ចង់​ដាក់​ពាក្យ​ទៅ​សិក្សា
បច្ចុប្បន្ន​មាន​វិបសាយ​ជា​ច្រើន​ ​​​ ​អាច​​ផ្ដល់​ព័ត៌មាន​​អាហារូបករណ៍​សម្រាប់​​និស្សិត​​​ ក្នុង​ការ​​​ដាក់​ពាក្យ​សុំ​​អាហារូបករណ៍​តាម​អនឡាញ​បាន​យ៉ាង​ឆាប់​រហ័ស ឬ​ក៏​ចុច​ Like ទំព័រ​​ផ្លូវ​ការ​ណា​មួយ (ដូច​ជា​ទំព័រ​ក្រសួង​អប់រំ​​​របស់​ប្រទេស​កម្ពុជា​) ​ដែល​តែ​ង​តែ​ផ្ដល់​ដំណឹង​អាហារូបករណ៍ ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាន់​វេលា។ ក្រៅ​ពី​នេះ​ អ្នក​ក៏​អាច​ទៅ​សួរនាំ​​ព័ត៌មាន​​អំពី​អាហារូបករណ៍​​ផ្ទាល់​នៅ​តាម​ស្ថានទូត​​​នៃ​​ប្រទេស​​នីមួយៗ​បាន​ផង​ដែរ។

*cambodia.usembassy.gov/index.html (សម្រាប់​កម្មវិធី​អាហារូបករណ៍ Fulbright សហរដ្ឋ​អាមេរិក)
*www.scholarships-bourses.gc.ca/scholarships-bourses/non_can/opportunities-opportunites.aspx?lang=eng (កម្មវិធី​អាហារូបករណ៍​ប្រទេស​កាណដា)
*www.scholars4dev.com/
*www.internationalscholarships.com/

២. សម្រួច​ជំនាញ​ភាសា​អង់គ្លេស​​ឱ្យ​​កាន់​តែ​ខ្លាំង
ភាសា​អង់គ្លេស គឺ​ពិត​ជា​ចាំ​បាច់​បំផុត​នៅ​​ពេល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ម្តង​ៗ។ នៅ​ពេល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ អ្នក​​ចាំ​បាច់​​តម្រូវ​ឱ្យ​ធ្វើ​តែស្ត​ភាសា​អង់គ្លេស TOEFL (ពិន្ទុ​ ៥៧០) ឬ IELTS​ (ពិន្ទុ ៧.០)។ បើ​សិន​ជា​អ្នក​ទទួល​បាន​ពិន្ទុ​ដែល​​​បាន​កំណត់ នោះ​​អ្នក​នឹង​មាន​ឱកាស​​​​​​ច្រើន ក្នុង​ការ​ទទួល​បាន​​អាហារូបករណ៍​។ TOEFL ឬ IELTS​ ត្រូវ​ធ្វើ​​ឱ្យ​បាន​មុន​កាល​កំណត់​ឈប់​ទទួល​ពាក្យ ហើយ​ពិន្ទុ​​ប្រឡង​​ត្រូវ​ភ្ជាប់​ជាមួយ​ពាក្យ​សុំ​អាហារូបករណ៍។

២. ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​សរសេរ​ពាក្យ​សុំ​អាហារូបករណ៍​
– ជា​ទូទៅ​​​ ពាក្យ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស តែងតែ​សរសេរ​ជា​​ភាសា​អង់គ្លេស​។  អ្នក​ត្រូវ​ប្រាកដ​ថា​​ អ្នក​បាន​បំពេញ​​ និង​ឆ្លើយ​គ្រប់​​ចំណុច​ឬ​សំនួរ​​ ដែល​គេ​ត្រូវ​ការ ហើយ​ម្យ៉ាង​ទៀត​​រាល់​ឃ្លា​ឬ​ប្រយោគ​ ដែល​អ្នក​បាន​សរសេរ​គឺ​​​ពិត​ជា​​ត្រឹមត្រូវ​តាម​វេយ្យាករណ៍​ បើ​មិន​ដូច្នោះ​ទេ ​ពាក្យ​សុំ​អាហារូបករណ៍​របស់​អ្នក​ ​ត្រូវ​គេ​ក្រវាត់​ចោល​​តាម​​បង្អួច​មិន​ខាន។ លើស​ពី​នេះ​ ត្រូវ​អាន​ការ​ណែនាំ​​ឱ្យ​បាន​ច្បាស់​ មុន​ពេល​​ចាប់​ផ្ដើម​បំពេញ​ព័ត៌មាន​ណាមួយ​។

– នៅ​ពេល​​បំពេញ​ពាក្យ​សុំ អ្នក​អាច​នឹង​ប្រឈម​នឹង​សំនួរដែល​តម្រូវ​ឱ្យ​ពណ៌នា​​អំពី​ខ្លូន​អ្នក។ ដូច្នេះ កុំ​សរសេរ​អ្វី​​ទាក់ទង​នឹង​ស្នាដៃ​ឬ​សមិទ្ធផល​ហូរហែ​​​​ចាក​ប្រធាន​ តែ​គួរ​រៀប​រាប់​​ពី​អារម្មណ៍​ឬ​បញ្ហា​ពិត ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​ ទើប​ជា​ការ​ប្រសើរ។

– ត្រូវ​ចាំ​ថា ពេល​ដាក់​ពាក្យ​ម្តង​ៗ មាន​បេក្ខជន​រាប់​ពាន់​នាក់​ ប្រជែង​គ្នា​ដើម្បី​អាហារូបករណ៍​ ហើយ​មាន​តែ​ប៉ុន្មាន​នាក់​លេចធ្លោ​បំផុត​​​ប៉ុណ្ណោះ​ ដែល​​នឹង​ត្រូវ​ជ្រើស​រើស។ ដូច្នេះ​​អ្នក​ត្រូវ​ប្រយ័ត្ន​​បំផុត។

៣. ត្រូវ​មាន​បទពិសោធន៍​ការងារ​​​ជាប់​ទាក់ទង​​នឹង​ជំនាញ​ដែល​សុំ​អាហារូបករណ៍ យ៉ាង​ហោច​ ២ឆ្នាំ (ការងារ​ក្រៅ​ម៉ោង ឬ​ពេញ​ម៉ោង)

៤. សំណេរ​តែង​សេចក្តី
-សរសេរ​​អំពី​ជីវិត​និង​​ពិត​របស់​អ្នក ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ និង​សំណង់​ប្រយោគ​ដូច​​​គ្នា​នឹង​ការ​សរសេរ​នៅ​ក្នុង​ពាក្យ​សុំ​អាហារូបករណ៍​​ដែរ។ ប្រយោគ​ដែល​អ្នក​សរសេរ​គួរ​តែ “​ខ្លី តែ​ខ្លឹម” មិន​មែន​វែង​ហូរហែ​ឥត​ប្រយោជន៍​ហើយ​ខុស​វេយ្យាករណ៍​ព្រាត​នោះ​ទេ។

3293117576_05f43d8305

-ការ​ប្រើ​ប្រាស់​ Present Tense ​អាច​ទាញ​ចំណាប់​អារម្មណ៍​​អ្នក​អាន ជា​ជាង​ការ​ប្រើ Past Tense។

-​កុំ​​​ប្រើ​គុណនាម (Adjectives) និង គុណកិរិយា (Adverbs) ច្រើន​ពេក​។ គួរ​ព្យាយាម​ប្រើ​ប្រាស់​នាម (Nouns) និង កិរិយា​ស័ព្ទ (Verbs) ណា​ដែល​អាច​​ជំនួស​ន័យ​ គុណនាម និង​គុណកិរិយា​​ទាំង​នោះ​បាន។

-សេចក្ដី​ផ្ដើម​របស់​តែង​សេចក្ដី ជា​ចំណុច​សំខាន់​បំផុត។ សេចក្ដី​​ផ្តើម ​មិន​គួរ​សរុប​អ្វី​គ្រប់​​យ៉ាង​ក្នុង​​សំណេរ​នោះ​ទេ។ វា​ត្រូវ​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ ដើម្បី​អាច​​ទាក់ទាញ​អ្នក​អាន ឱ្យ​​ចង់​​អាន​សំណេរ​របស់​អ្នក​រហូត​ដល់​ចប់។

-ពាក្យ ឬ​ឃ្លា​សម្រាប់​ភ្ជាប់​អត្ថន័យ​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ​ទៀត ដូចជា Firstly, Secondly, In Conclusion ឬ Furthermore ជា​ដើម មិន​គួរ​ប្រើ​នោះ​ទេ ព្រោះ​ស្ដាប់​ទៅ​មិន​គួរ​ឱ្យ​ទាក់ទាញ។ គួរ​ប្រើ​ពាក្យ​ណា​​ខ្លី​​និង​សាមញ្ញ​ ហើយ​កន្លែង​ណា​ចាំ​បាច់​គួរ​​ប្រើ​ ក្បៀស (,)។

-ចុង​បញ្ចប់​មិន​ចាំ​បាច់​សរុប​មតិ​ទាំង​អស់​ដែល​បាន​សរសេរ​នោះ​ទេ ព្រោះ​អ្នក​អាន​បាន​យល់​អស់​សេចក្ដី​ហើយ។ អ្នក​គួរ​តែ​​ភ្ជាប់​បន្តិច​ទៅ​នឹង​អ្វី​ដែល​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ផ្តើម ហើយ​បន្ទាប់​មក​​សង្ខេប​ចំណុច​សំខាន់ៗ​​​និង​​វត្ថុ​បំណង​នៃ​ការ​សិក្សា​​​តែ​ម្តង។

** បើ​សិន​អក្សរ​​សរសេរ​ដៃ​អ្នក​មិន​សូវ​ស្អាត គួរ​វាយ​លើ​កុំព្យូទ័រ ហើយ​អាន​វា​សារចុះ​សារ​ឡើង ឬ​​សុំ​​មិត្ត​ភក្តិ ​​​គ្រូ​ ជា​ពិសេស​​​រៀម​ច្បង​ដែល​ធា្លប់​បាន​ទទួល​អាហារូបករណ៍​​ ឱ្យ​ជួយ​អាន ដើម្បី​កែ​តម្រូវ​កន្លែង​មាន​កំហុស​ឬ​ឆ្គង​អត្ថន័យ។

៥. ការ​សម្ភាសន៍
-អំឡុង​ពេល​សម្ភាសន៍ មិន​ត្រូវ​ឆ្លើយ​ថា “អ្នក​​ចង់​ធ្វើ​ការ​​​ឬ​រស់​នៅ​​ទីនោះ (ប្រទេស​ដែល​​អ្នក​ទទួល​អាហារូបករណ៍) ក្រោយ​រៀន​ចប់” ​​នោះ​ទេ តែ​គួរ​តែ​ឆ្លើយ​​ថា “អ្នក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ ដើម្បី​យក​ចំណេះ​ដឹង​ដែល​បាន​រៀន​សូត្រ​ក្រៅ​ប្រទេស មក​ជួយ​អភិវឌ្ឍ​ជាតិ”។

interviews-suck

-ត្រូវ​ត្រៀម​ពី​មូល​ហេតុ​​ចំពោះ​សំនួរ​មួយ​ចំនួន​ដូចជា​ “ហេតុ​អី​បាន​ជា​អ្នក​ចង់​បន្ត​ជំនាញ​នោះ នៅ​ក្រៅ​ប្រទេស” ឬ​ “អ្នក​នឹង​​​​រួម​ចំណែក​​ជួយ​​អភិវឌ្ឍ​​ប្រទេស​អ្នក​ដូច​ម្តេច​ខ្លះ ដោយ​​ការ​សិក្សា​ជំនាញ​​មួយ​នោះ​” ។ សំនួរ​​ផ្សេង​ទៀត​ដូចជា៖
  • *ប្រាប់​ពួក​យើង​អំពី​ខ្លួន​​អ្នក​។
  • *តើ​អ្វី​ទៅ​ជា​ភាព​ខ្លាំង​និង​ភាព​​ខ្សោយ​ដ៏​ធំ​របស់​អ្នក?
  • *តើ​ពាក្យ​បី​ណា​ទៅ ដែល​អាច​ពណ៌នា​អំពី​ខ្លួន​អ្នក?
  • *តើ​អ្នក​គិត​ថា​ អ្នក​សម​នឹង​​ទទួល​បាន​អាហារូបករណ៍​នេះ ដោយ​សារ​មូល​ហេតុ​​អ្វី?

នៅ​ពេល​ទៅ​សម្ភាសន៍​​ ត្រូវ​ស្លៀក​ពាក់​ឱ្យ​បាន​សមរម្យ  ទៅ​ឱ្យ​ទាន់​ពេល ហើយ​​មុន​នឹង​ឆ្លើយ​​សំនួរ​ត្រូវ​គិត​ជាមុន​​សិន ចៀស​វាង​ការ​ឆ្លើយ​ចាក​ប្រធាន ឬ​​មិន​ចំ​គោល​ដៅ។

***ឯក​សារ​​ចាំ​បាច់​ទាំង​អស់​ត្រូវ​ចម្លង​ទុក ឱ្យ​បាន​ច្រើន​ច្បាប់​ ដើម្បី​ទុក​ប្រើ​ពេល​បន្ទាន់៕

សំណាង​ល្អ​ណា៎!

Khmer Guitar

សូមអរគុណចំពោះការតាមដានទស្សនានូវ blog របស់យើង

វីដីអូ ឫឯកសារដែលខ្ញុំបានដាកចូលក្នុងនេះគឺគ្រាន់តែជាការចែករំលែងពី Website ដទៃរទៀតប៉ុណ្ណោះ បើមានការខុសឆ្គងអ្វីមួយនោះសូមមេតាអភ័យទោសផងបាទ សង្ឃឹមថាអ្នកទាំងអស់គ្នាបានរីករាយនឹង blog នេះផងចោះ

0 comments: