ឥណ្ឌាកំពុងសាងសង់ប្រាសាទឧទ្ទិសសាសនាធំជាងប្រាសាទអង្គរវត្ត
បើតាមសារព័ត៌មាន Quartz ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះផ្សាយថា ប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជា អាចនឹងបាត់បង់តំណែងជាបូជនីយដ្ឋានឧទ្ទិសសាសនាធំជាងគេលើលោក បន្ទាប់ពីប្រាសាទតម្លៃ ៧៨លានដុល្លារនៅឥណ្ឌាសាងសង់រួច។
ប្រាសាទ Viraat Ramayan Mandir ក្នុងគម្រោងសាងសង់របស់ឥណ្ឌា
ប្រាសាទដែលស្ថិតនៅក្នុងគម្រោងនេះ មានឈ្មោះថា Viraat Ramayan Mandir ដែលនឹងត្រូវសាងសង់កម្ពស់ជាង ១១៥ម៉ែត្រ ជាមួយកំពូល១៨ លើផ្ទៃដី ២០០ហិចតា។ ប្រាសាទថ្មីនេះត្រូវគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងរំពឹងថាបញ្ចប់ការសាងសង់ជាស្ថាពរក្នុងឆ្នាំ២០២៣ ក្នុងគម្រោងថវិកា ៧៨លានដុល្លារ។
ចំណែកប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជាវិញ មានកំពូលស្រួច៥ (បើបូកទាំងជ្រុង៤ទៀត មាន ៩កំពូល) សាងសង់ឡើងលើផ្ទៃដីជាង ៥០០ហិចតា ស្មើនឹងតារាងបាល់ទាត់៣០០ដោយមានកម្ពស់ជាង ៦៥ម៉ែត្រ។ ទោះយ៉ាងណា បើគិតពីទំហំផ្ទៃដីដែលសាងសង់ ប្រាសាទអង្គរវត្តនៅតែធំជាងប្រាសាទក្នុងគម្រោងរបស់ឥណ្ឌា ចាញ់តែកម្ពស់ និងចំនួនកំពូលប៉ុណ្ណោះ។
”វាមិនមែនត្រឹមតែជាប្រាសាទទេ… វាជាស្នាដៃដ៏វិចិត្រ”។ លោក Kishore Kunal ជាលេខាធិការក្រុមហ៊ុន Mahavir Mandir Nyas Samiti ដែលគ្រប់គ្រងលើគម្រោងសាងសង់ប្រាសាទ បញ្ជាក់ប្រាប់សារព័ត៌មាន Quartz។ លោកបានបន្តទៀតថា “ប្រាសាទនេះនឹងនាំយកអ្នកទេសចរណ៍ ព្រមទាំងផ្ដល់ការងារជាច្រើនដល់អ្នកនៅរស់នៅក្នុងតំបន់… នេះគឺជាគោលបំណងសំខាន់នៅក្នុងការសាងសង់ប្រាសាទនេះ”។
ប្រាសាទឧទ្ទិសដល់ព្រះវិស្ណុដ៏ធំនេះ ត្រូវកសាងឡើងពីថ្មភក់ក្រហម នៅរដ្ឋ Bihar ភាគខាងជើងប្រទេសឥណ្ឌា។ គម្រោងសាងសង់ប្រាសាទដែលមានរូបរាងស្រដៀងប្រាសាទអង្គរវត្ត ចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១២។ ដំបូងគេបានដាក់ឈ្មោះប្រាសាទនេះថា “Virat Angkor Wat Ram Mandir” ប៉ុន្តែបន្ទាប់ពីមានភាពចម្រូងចម្រាស និងជំទាស់ពីកម្ពុជា ទើបប្ដូរដាក់ឈ្មោះថា “Viraat Ramayan Mandir” វិញ៕
ប្រាសាទ Viraat Ramayan Mandir ក្នុងគម្រោងសាងសង់របស់ឥណ្ឌា
ប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជា
0 comments: