ជំងឺ៥មុខដែលពិបាករកថ្នាំព្យាបាលនៅក្នុងសង្គមខ្មែរ
បទវិភាគ៖ ជំងឺ៥មុខដែលពិបាករកថ្នាំព្យាបាលនៅក្នុងសង្គមខ្មែរ
ស្ដាប់ ឬ ទាញយកសំឡេងស្តាប់សំឡេង ថតសំឡេង
«ជំងឺ» គឺជាប្រភពនៃសេចក្ដីឈឺចាប់ និងសេចក្ដីស្លាប់ ប្រសិនបើមិនមានការព្យាបាលដោយត្រឹមត្រូវ និងទាន់ពេលវេលា។ ភាគច្រើនជំងឺដែលកើតនៅលើរាងកាយ គេអាចរកថ្នាំព្យាបាលអោយជាស្រាកស្រាន្ត ឬបន្ធូរបន្ថយការឈឺចាប់បាន។ ប៉ុន្តែជំងឺសង្គម-នយោបាយ គឺជាជំងឺដ៏កាចសហាវដែលពិបាករកពេទ្យហ្មណាព្យាបាលអោយសះស្បើយ ហើយអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺ ជំងឺទាំងនេះអាចធ្វើអោយមនុស្សជាច្រើនលាននាក់ត្រូវរងទុក្ខវេទនា និងរហូតដល់បាត់បង់ជីវិតក៏ថាបាន។
សង្គម-នយោបាយកម្ពុជា ដែលហែកហួរដោយសង្គ្រាមអស់ជាច្រើនទសវត្សរ៍កន្លងមក ប្រាកដណាស់នៅមានជំងឺជាច្រើនដែលលាក់ខ្លួនមិនទាន់ធ្វើរោគវិនិច្ឆ័យដើម្បីព្យាបាល ឬក្នុងមូលហេតុមួយទៀតគឺ ដឹងថាសង្គមមានជំងឺ តែមិនអើពើ ត្បិតស៊ាំទៅនឹងភាពឈឺចាប់របស់ជំងឺសង្គមទាំងនេះ។
តើជំងឺដ៏កាចសាហាវអ្វីខ្លះដែលកំពុងបំផ្លិចបំផ្លាញសង្គមជាតិកម្ពុជា ស្ទើរមិនអោយងើបមុខរួចដូចសព្វថ្ងៃ?
យ៉ាងហោចណាស់នៅកម្ពុជា មានជំងឺដ៏កាចសាហាវយ៉ាងតិចចំនួន ៥ ដែលកំពុងសម្ងំលាក់ខ្លួនបំផ្លិចបំផ្លាញសង្គម-នយោបាយ ធ្វើអោយរាំងស្ទះដល់ការលូតលាស់ប្រទេសដ៏ក្រីក្រមួយនេះក្នុងពេលបច្ចុប្បន្ន។ ជំងឺទាំង៥ នោះគឺ ជំងឺក្ដិចត្រួយ ជំងឺតួឯក ជំងឺអាត្មានិយម ជំងឺលាបពណ៌ និងជំងឺងប់ងុល។
១. ជំងឺក្ដិចត្រួយ
ជំងឺ «ក្ដិចត្រួយ» គឺជាជំងឺដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតជាតិសាសន៍ខ្មែរ មិនថាសម័យមុន ឬសម័យបច្ចុប្បន្ន។ ជំងឺនេះ សំដៅទៅលើទង្វើបំផ្លិចបំផ្លាញ កាច់បំបាក់ ប៉ែងជើងផ្ដួលអ្នកដទៃ ដោយសារក្ដីច្រណែនឈ្នានីស ភាពលោភលន់ និងមិនចង់ឃើញអ្នកដទៃពូកែជាង មានអំណាចជាង មានយសស័ក្ដិខ្ពស់ជាងខ្លួន ឬល្អប្រសើរលើសខ្លួន និងក្រុមខ្លួន។
នៅក្នុងសង្គម-នយោបាយកម្ពុជា គេពិតជាបានដឹងអំពី «ជំងឺក្ដិចត្រួយ» មានស្ទើរគ្រប់ទីកន្លែង មិនថានៅក្នុងមន្ទីរក្រសួងរដ្ឋ ឬស្ថាប័នឯកជន។ កត្តានេះបានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍស្ថាប័ន ឬប្រទេសជាតិងើបមុខស្ទើរតែមិនរួច។ ជាក់ស្ដែង ក្នុងពេលបច្ចុប្បន្ន អ្នកចេះ និងអ្នកមានសមត្ថភាពពិតប្រាកដមួយចំនួន ហាក់ពិបាករស់ ពិបាកសម្របខ្លួនក្នុងបរិបទសង្គមកើតជំងឺបែបនេះ។ ដើម្បីឈរជើងអោយនឹង និងដើម្បីសេចក្ដីសុខ អ្នកទាំងនោះត្រូវបង្ខំចិត្តធ្វើគ ធ្វើថ្លង់ មិនហ៊ានបញ្ចេញសមត្ថភាព និងរង់ចាំឱកាសមកដល់ ដូចពំនោលដែលថា «ក្របីពួនក្នុងគុម្ពត្រែង សំលៀងស្នែងត្រៀមចូលជល់»។
យ៉ាងណាមិញ ឱកាសអាចចូលជល់ដើម្បីបញ្ចេញសមត្ថភាពក្នុងសង្គមដែលចូលចិត្តក្ដិចត្រួយនេះ អាចកើតឡើងបាន ឬមិនបានហាក់ពិបាករំពឹងដល់។ កត្តានេះហើយដែលធ្វើអោយអ្នកមានសមត្ថភាពពិតប្រាកដ មិនអាចរួបរួមគ្នាជាកម្លាំង បីដូចជាគ្រាប់ខ្សាច់ដែលនៅរប៉ាត់រប៉ាយមិនអាចភ្ជាប់បាន។ ជាលទ្ធផល ប្រសិនបើជំងឺនេះមិនត្រូវបានព្យាបាលអោយជាសះស្បើយក្នុងសង្គមកម្ពុជា ទេ មិនមែនខូចប្រយោជន៍តែបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជាតិសាសន៍ខ្មែរទាំងមូល ត្រូវរងគ្រោះទុក្ខសោក មុជមិនជ្រៅទៅមិនឆ្ងាយ ត្បិតជំងឺក្ដិចត្រួយនេះ នៅបន្តស៊ីរូងបំផ្លិចបំផ្លាញសង្គមជាតិយ៉ាងជ្រៅ។
២. គឺជំងឺតួឯក
ជំងឺ «តួឯក» គឺជាជំងឺឆ្លងមួយក្នុងចំណោមជំងឺពិបាកព្យាបាលទាំង៥ ដែលកំពុងចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គម-នយោបាយនៅកម្ពុជា។ កាលដែលហៅថាជា «ជំងឺឆ្លង» ដោយហេតុថា ជំងឺនេះអាចផ្ទេរពីឪពុកទៅកូន ពីកូនផ្ទេរបន្តទៅចៅបាន បើសិនមិនទទួលការព្យាបាលអោយជាសះស្បើយ។
ជាធម្មតា នៅក្នុងល្ខោន ឬភាពយន្ត តួឯកគឺជាតួសំខាន់បំផុតដែលខ្វះមិនបាន និងតែងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនជាងតួអង្គដទៃ។ ស្រដៀងគ្នានេះដែរ ក្នុងតថភាពពិតនៃសង្គម-នយោបាយកម្ពុជា នៅពេលនិយាយដល់ពាក្យ ជំងឺ«តួឯក» គេអាចយល់បានភ្លាមថា ជាជំងឺរបស់បុគ្គល ឬក្រុមមនុស្សដែលចាត់ទុកខ្លួនជាបុគ្គលសំខាន់បំផុតដែលមិនអាចខ្វះបាន ឬដែលចាំបាច់ត្រូវលើកតម្កើង និងចាត់ទុកជាទីសក្ការបូជារបស់អ្នកនៅក្រោមឱវាទ។ បើគ្មានបុគ្គល «តួឯក» ម្នាក់នេះ ឬក្រុមនេះ ស្ថាប័ន ឬអង្គភាពទាំងមូល ឬរហូតដល់ថ្នាក់ប្រទេសទាំងមូលនឹងក្រឡាប់ចាក់ជាមិនខាន។ ជាក់ស្ដែង គេតែងលឺជាញឹកញយចេញពីមាត់អ្នកនយោបាយកម្ពុជាថា បើគ្មានរូបលោក កម្ពុជានឹងក្រឡាប់ចាក់ គ្មានសុខសន្តិភាពដូចសព្វថ្ងៃជាមិនខានជាដើម។
៣. ជំងឺអាត្មានិយម
ជំងឺ «អាត្មានិយម» សំដៅយកជំងឺគិតតែពីប្រយោជន៍ខ្លួន គិតពីគ្រួសារខ្លួន ក្រុមខ្លួនមិនខ្វល់ពីសុខទុក្ខអ្នកដទៃ ពោលអោយខ្លី អ្នកកើតជំងឺនេះហ៊ានធ្វើអំពើអយុត្តិធម៌ អោយអ្នកដទៃរងថ្មបាក់ជំនួសខ្លួន និងហ៊ានប្រើគ្រប់ល្បិចកលសព្វបែបសព្វយ៉ាងដើម្បីទទួលបានផលប្រយោជន៍សម្រាប់ខ្លួន ពោលគឺហ៊ានសូម្បីតែដុតផ្ទះអ្នកដទៃដើម្បីចម្អិនពងមាន់របស់ខ្លួនក៏មិនស្ទាក់ស្ទើរនឹងធ្វើ។ មូលហេតុនៃជំងឺអាត្មានិយម គឺបណ្ដាលមកពីមហិច្ឆតា ពីភាពលោភឥតព្រំដែន ចង់បានហើយចង់បានទៀត និងភាពគ្មានការទទួលខុសត្រូវ។ ជាឧទាហរណ៍ដ៏តូចមួយក្នុងបរិបទប្រវត្តិសាស្ត្រកម្ពុជា អ្នកដឹកនាំខ្មែរមួយចំនួនបានយកប្រជានុរាស្ត្រនិងទឹកដីជាថ្នូរដើម្បីពឹងបរទេសមកជួយច្បាំងនឹងសាសន៍ខ្មែរគ្នាឯង ធ្វើយ៉ាងណាដណ្ដើមអំណាចមកគ្រប់គ្រងអោយទាល់តែបាន។
អស់រាប់រយឆ្នាំកន្លងហើយ ជំងឺនេះនៅតែបន្តមកដល់អ្នកនយោបាយកម្ពុជា បច្ចុប្បន្នមួយចំនួន។ ជាក់ស្ដែងនៅពេលមានភ្លើងឆេះក្នុងប្រទេសម្ដងៗ ដែលជាញឹកញាប់កើតពីការប្រឹងផ្លុំប្រឹងបង្កាត់របស់អ្នកនយោបាយដោយខ្លួនឯង លុះដល់ភ្លើងឆេះរាលដាលដល់ខ្លួន អ្នកនយោបាយនោះមិនហ៊ានប្រឈម ហើយរត់ពឹងអោយបរទេសកាត់ផ្ដាច់ជំនួយ ឬដាក់ទណ្ឌកម្មជាថ្នូរនឹងការពន្លត់ភ្លើងនយោបាយ។ ផលវិបាកនៃភាពអាត្មានិយមនេះ គ្មានអ្នកណាក្រៅអំពីប្រជាជនជាង ១៥លាននាក់ដែលរងទុក្ខនៅពេលដែលអ្នកនយោបាយខ្លះគ្មានការទទួលខុសត្រូវ យកប្រជាពលរដ្ឋជាខែលដើម្បីការពារប្រយោជន៍ខ្លួន។
៤. ជំងឺលាបពណ៌
ជំងឺ «លាបពណ៌» បានបណ្ដាលអោយសង្គមជាតិខ្មែរប្រេះស្រាំ ដុតបញ្ឆេះកំហឹង ធ្វើអោយចងគំនុំគុំកួនគ្នា បាក់បែកសាមគ្គីជាតិ ហើយពេលខ្លះនាំដល់ការកាប់សម្លាប់គ្នាគួរអោយឈឺចាប់តាំងពីអតីតកាលរហូតបច្ចុប្បន្ន។ ជំងឺលាបពណ៌នេះ បានកើតឡើងនៅក្នុងសង្គមនយោបាយកម្ពុជា តាំងពីដើមយូរណាស់មកហើយ ជាពិសេសនៅក្នុងរបបអាវខ្មៅប្រឡាក់ឈាម ប៉ុល ពត ប្រជាជនស្លូតត្រង់ត្រូវគេលាបពណ៌ជាជនក្បត់អង្គការបម្រើផលប្រយោជន៍ភ្នាក់ងារបរទេស មាន សេ.អ៊ី.អា (CIA) កា.ហ្សេ.បេ (KGB) ឬ គិញសំងាត់វៀតណាម។
ជាលទ្ធផល ជនរងគ្រោះទាំងនោះត្រូវបានគេប្រហារជីវិតយ៉ាងខ្លោចផ្សា។ ក្រោយការរលត់ទៅនៃរបបកម្ពុជាប្រជាធិបតេយ្យ គេរំពឹងថា ជំងឺលាបពណ៌នេះ ប្រហែលជាអាចជាសះស្បើយពីក្នុងសង្គមកម្ពុជា តែមិនដូច្នោះ ជំងឺនេះរើឡើងវិញ ហើយកំពុងបង្កអោយឈឺចាប់ក្នុងសង្គមកម្ពុជា។ ជាឧទាហរណ៍ ក្នុងរបត់នយោបាយបច្ចុប្បន្ន អ្នកនយោបាយមួយក្រុមចោទខ្មែរម្ខាងថាជាយួន ម្ខាងទៀតចោទថា ជាជនក្បត់ជាតិ ក្រុមម្ខាងៗខំប្រឹងលាបពណ៌គ្នា សអោយទៅជាខ្មៅ ល្អអោយទៅជាអាក្រក់។ ការលាបពណ៌គ្នាក្នុងរង្វង់អ្នកនយោបាយខ្មែរបង្ហាញអោយឃើញកាន់តែច្បាស់អំពីការមិនអាចធ្វើការជាមួយគ្នាដើម្បីបុព្វហេតុជាតិ និងធ្វើអោយលេចឡើងនូវសំណួរថា តើប្រជាពលរដ្ឋបង់ពន្ធ និងបោះឆ្នោតជ្រើសរើសអ្នកនយោបាយដើម្បីអោយលោកទាំងអស់នោះយកកម្លាំងញើសឈាមប្រជាជន យកអំណាចពីប្រជាពលរដ្ឋ ទៅឈ្លោះទាស់ទែងគ្នា ទៅលាបពណ៌គ្នាបែបនេះឬ? ចម្លើយគឺមិនដូច្នោះទេ! ប្រជាពលរដ្ឋចង់បានសុខសន្តិភាព ការអភិវឌ្ឍប្រទេស ចង់ឃើញភាពចុះសម្រុងរវាងអ្នកនយោបាយទាំងអស់ ត្បិតមានបញ្ហាជាតិជាច្រើនត្រូវការដោះស្រាយជាបន្ទាន់។
៥. ជំងឺងប់ងុល
ជំងឺ «ងប់ងុល» គឺជាប្រភពនៃទំនាស់ និងបញ្ហា។ មូលហេតុនៃភាពងប់ងុលអាចដោយសារការស្រឡាញ់ខ្លាំងពេក និងដោយសារការស្អប់ខ្លាំងពេក។ ជំងឺងប់ងុលនេះ ត្រូវបានគេសង្កេតឃើញលេចឡើង និងឆ្លងរាលដាលផុលផុសសាយភាយកាន់តែខ្លាំងនៅក្នុងសង្គមនយោបាយកម្ពុជា តាំងពីការបោះឆ្នោតជាសកលក្នុងអាណត្តិទី៥ នៅឆ្នាំ២០១៣ ក្នុងរង្វង់អ្នកនយោបាយបដិបក្ខទាំងពីរ និងក្រុមអ្នកគាំទ្ររបស់ខ្លួនដែលជាលទ្ធផលរហូតមកដល់ពេលនេះ សង្គមកម្ពុជាបានបែងចែកជាពីរក្រុម។ ក្រុមម្ខាងគាំទ្របក្សកាន់អំណាច និងក្រុមម្ខាងទៀត គាំទ្របក្សជំទាស់។ ប្រជាជនសាមញ្ញ និងបញ្ញវន្តដែលប្រកាន់និន្នាការកណ្ដាល ហាក់គ្មានកន្លែងឈរក្នុងសង្គមនេះ ត្បិតថា បើនិយាយប៉ះក្រុមម្ខាង ប្រាកដណាស់អ្នកគាំទ្រដ៏ងប់ងុលរបស់ក្រុមនេះនឹងជេរប្រមាថគំរាមកំហែង លាបពណ៌ថា ជាអ្នកគាំទ្ររបស់ក្រុមម្ខាងទៀត។ ជាលទ្ធផល បញ្ញវន្តអ្នកចេះដឹង និងអ្នកខ្វាយខ្វល់អំពីវាសនាជាតិមាតុភូមិជាច្រើនត្រូវជ្រើសរើសការប្រកាន់យកគំនិត «ស្ងៀមជាងស្រដីឆីចេកខ្ចីជាងមាត់ទទេ» ពោលអោយចំ គឺពួកគេជ្រើសរើសការនៅស្ងៀម មិនមានមតិដើម្បីសេចក្ដីសុខ។
ជាការពិតណាស់ ក្នុងសង្គមប្រជាធិបតេយ្យ ការបង្ហាញឆន្ទៈនយោបាយគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តមិនជាការប្លែកនោះទេ តែអ្វីដែលប្លែក និងមិនល្អនោះ គឺការងប់ងុលនឹងគណបក្សហួសហេតុ។ លើសពីនេះ អ្នកគាំទ្រដ៏ងប់ងុលរបស់បក្សនយោបាយនៅកម្ពុជា មិនខ្លាចនឹងការប្រើសម្ដីគ្រោតគ្រាត ជេរបញ្ចោរ ឌឺដងដាក់គ្នាទៅវិញទៅមក ជាពិសេស នៅក្នុងប្រព័ន្ធសង្គម ក្នុងបំណងបង្ក្រាបគូបដិបក្ខមិនអោយងើបបាន។ នេះមិនត្រឹមតែអ្នកគាំទ្រ សូម្បីតែមេដឹកនាំបក្សទាំងពីរក៏មិនញញើតនឹងជេរប្រមាថគ្នា វាយប្រហារគ្នា ហាក់ចាត់ទុកភាគីម្ខាងជាសត្រូវដែលត្រូវតែកម្ចាត់ចោលពីឆាកនយោបាយ។ យ៉ាងណាមិញ គេពិបាកបន្ទោសអ្នកគាំទ្រទាំងនោះថា មិនមានសីលធម៌ណាស់ ត្បិតចាស់បុរាណខ្មែរអប់រំមកថា «ដឹងឆ្លើយព្រោះដង កូនសោតរែងឆ្គងព្រោះតែឪពុក»។ បើឪពុកដែលជាអ្នកដឹកនាំមិនធ្វើគំរូល្អ ប្រជាពលរដ្ឋដែលរស់នៅក្នុងមហាគ្រួសារនេះ ប្រហែលមិនអាចក្លាយជាពលរដ្ឋល្អបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
0 comments: